Kh Educational: ប្រជុំរឿងព្រេងខ្មែរភាគ ៤ រឿង ដើម​កំណើត​សត្វ​គ្រលីងគ្រលោង

ប្រជុំរឿងព្រេងខ្មែរភាគ ៤ រឿង ដើម​កំណើត​សត្វ​គ្រលីងគ្រលោង

ប្រជុំរឿងព្រេងខ្មែរភាគ ៤

រឿង ដើម​កំណើត​សត្វ​គ្រលីងគ្រលោង


    មានបក្សីម្យ៉ាងហៅថាសត្វកូនលោក រូបរាងស្រដៀងនឹងសត្វគ្រលីងគ្រលោង តែមាឌធំជាងគ្រលីងគ្រលោងតែមានមាឌធំជាងគ្រលីងគ្រលោងបន្តិច សម្បុរវាក្រហមរទុះៗច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ  ឬព្រៃភ្នំស្រោងស្រឹង ។ សត្វនេះចាស់ៗ ខ្មែរយើងបាននិយាយតៗមកថា មានដើមកំណើតមកពីមនុស្ស ដូចមានដំណាលតទៅនេះ :
    កាលពីព្រេងនាយមានកសិករពីរនាក់ប្ដីប្រពន្ធ ជាមនុស្សក្រលំបាក មានកូនស្រីតូចៗ បីនាក់ ។ កូនទី ១ ចេះដងទឹកដាំបាយ កូនទី២ ចេះនាំប្អូនដើរលេង កូនទី៣ ចេះរត់លេង ក្រោយពីពេលដែលប្ដីស្លាប់ចោលទៅ ។ នាងប្រពន្ធនៅមេម៉ាយជាមួយនឹងកូនស្រី ៣ នាក់តែងតែទៅកាប់ឧស បេះបន្លែ ទូលទៅលក់ឯផ្សាររាល់ថ្ងៃ  ។
    ថ្ងៃមួយនាងបានទៅជួបអ្នកលេងស៊ីផឹកម្នាក់ ដែលតែងតែដើរលួច ឆក់អ្នកដំណើរឆ្ងាយជិត បានលុយកាក់យកមកស៊ីផឹកហ៊ឺហារ ។ អ្នកលេងនោះកាលបើក្រឡេកឃើញអ្នកមេម៉ាយ ក៏សំដែងអាកប្បកិរិយាជាអ្នកគួរសមសួរនាងថា ចុះនាងនៅភូមិឯណា ? ឆ្ងាយឬជិត ? ហេតុអ្វីក៏មិនឱ្យប្ដីជួយរែក ប្រឹងផ្ទុកទូល ម្នាក់ឯងយ៉ាងម្ល៉េះ ? "               ។
    នាងក៏ប្រាប់ដោយត្រង់ថា ខ្ញុំជាស្រីមេម៉ាយ ប្ដីស្លាប់ចោលទៅ សព្វថ្ងៃក្រលំបាកណាស់ប្រឹងកាប់ឧសបេះបន្លែលក់គ្រាន់បានប្រាក់កាស បន្តួចយកទៅទិញអាហារចំណីឱ្យកូនស្រី ៣ នាក់ បរិភោគ" ។  ឮដូច្នេះ អ្នកលេងនឹកអរព្រួចក្នុងចិត្តថា នាងនេះមេម៉ាយមែន ប៉ុន្តែមានរូបស្អាតគ្រាន់បើ គួរអញតាមទៅសួរដល់ផ្ទះយកជាប្រពន្ធឱ្យបាន" ហើយក៏គិតនិយាយថា "នាង! ខ្ញុំមានចិត្តអាណិតនាងណាស់ ខ្ញុំសូមជូន ១០ កហាបណៈ សម្រាប់ទិញអីវ៉ាន់ផ្ញើកូន"។ នាងមេម៉ាយក៏ទទួលយកភ្លាម ដោយសេចក្ដីត្រេកអរ លុះលក់ឧសនិងបន្លែអស់ហើយ នាងត្រឡប់មកផ្ទះវិញ ។ ឯអ្នកលេងក៏លបដើរតាមក្រោយ ដើម្បីគន់មើលផ្ទះវិញ លុះពេលព្រលប់ក៏ទៅជួបឯផ្ទះនាងនិយាយគ្នា ត្រូវមាត់ហើយ ក៏យកគ្នាជាប្ដីប្រពន្ធតទៅ ។
    ចាប់តាំងពីថ្ងៃនោះមក អ្នកលេងតែងចេញទៅប្លន់អ្នកស្រុក ២-៣ ថ្ងៃមកផ្ទះម្ដងក៏មាន កន្លះខែមកម្ដងក៏មាន ។ នាងនោះមានមាសប្រាក់ចាយ បរិបូរណ៍ស្លៀកពាក់សុទ្ធតែរបស់ល្អៗ ក៏ទៅជាធំចិត្តឡើងចាងក៏ដើរលេងជាមួយប្ដី នៅតាមផ្សារភ្លេចគិតដល់កូនកម្សត់ទាំងបីនាក់ មានចិត្តក្ដៅក្រហាយ ស្អប់កូនស្រីរបស់ខ្លួន ឃើញមុខកូនពេលណា ចង់តែយកកាំបិតមកកាប់ឱ្យដាច់កទាំង ៣ នាក់ ពេលដាំស្លឆ្អិនហើយនាំប្ដីបរិភោគតែពីនាក់ ។ សល់បាយក្នុងឆ្នាំងបន្តិចបន្តួច កូនទាំង ៣ នាំបងប្អូនកេះកាយស៊ី  ខ្លះដេកលក់ក្បែរជើងក្រាន ខ្លះដេកលក់នៅល្វែងផ្ទះខាងក្រៅមូសសុចខាំពងខ្លួន ។ ពេលព្រឹកៗ នាងនោះតាំងតែងខ្លួនប្រាណ ទៅស៊ីផឹកនៅឯផ្សារជាមួយប្ដីរាល់ថ្ងៃ ។ ថ្ងៃមួយប្ដីបាននិយាយរំឭកថា : បងមានសេចក្ដីអៀនខ្មាសមិត្តភក្តិខ្លាំងណាស់ ព្រោះប្អូនចេះតែតាមបងទៅស៊ីផឹកឯផ្សារ ដូច្នេះបងសូមអង្វរចិត្តអូន សូមនៅផ្ទះថែទាំកូនស្រីទាំង ៣នាក់ចុះ ។ 
    ឮប្ដីនិយាយយ៉ាងនេះ នាងនោះនិយាយគិតថា "ប្ដីអញគាត់ហ៊ឺហាណាស់ ពួកស្ត្រីខូចក្នុងផ្សារស្គាល់គាត់ទាំងអស់ បើអញបណ្ដោយតទៅថ្ងៃមុខគាត់នឹងបោះបង់ចោលអញពុំខាន គួរអញរកឧបាយសម្លាប់កូនស្រីទាំង ៣ នាក់ ចោលកុំឱ្យគាត់មានពាក្យចាក់ដោតថា ឱ្យអញនៅផ្ទះព្រោះតែកូនឡើយ ។ លុះដល់ខែពិសាខមានភ្លៀងធ្លាក់ជោកជាំ នាងនោះនិយាយបញ្ឆោតកូនថា   'កូនអើយ ! កាលឪពុកឯងនៅរស់នៅ តែដល់រដូវនេះហើយគាត់តែងនាំម្ដាយទៅសាប ព្រោះស្រូវនៅត្រពាំងទឹកក្នុងព្រៃជិតជើងភ្នំមានខ្ទមលំហដេកចាំស្រូវស្អែកនេះ ម្ដាយនឹងយកស្រូវពូជទៅសាបព្រោះ ចូរកូនទៅដេកចាំចាបព្រាបលលក កុំឱ្យស៊ីស្រូវ " ។ លុះព្រឹកឡើងនាងនោះ នាំកូនទៅក្នុងព្រៃហោឋានជិតជើងភ្នំ យកស្រូវទៅបាចសាបក្នុងត្រពាំងរួចផ្ដាំកូនថា "នែហងរាល់គ្នា! ត្រូវនៅចាំស្រូវ កុំទៅណាឆ្ងាយ កុំទៅផ្ទះ បើទៅអញវាយសម្លាប់ " ផ្ដាំហើយនាងនោះទុកបាយឱ្យ ១ចំណែកម្នាក់អង្គរ ៣ ចានពោតបួនដប់គ្រាប់ កូនឆ្នាំងដីមួយ នឹងអំបិលប្រហុក បន្តិចបន្តួចដោយគិតថា "យប់នេះខ្លាវានឹងមកខាំស៊ី បើមិនស្លាប់ដោយខ្លាស៊ីក៏គង់ ស្លាប់ដោយអត់បាយពុំខាន" ។ លុះផ្ដាំកូនស្រេចហើយ ក៏ត្រឡប់មកផ្ទះវិញ ដេកចាំមើលប្ដីមកពីរកស៊ី ។ លុះប្ដីមកដល់ក៏សួរថា "កូនស្រីទាំង ៣ នាក់ទៅដើរលេងឯណាពុំឃើញមកផ្ទះ " ។ ប្រពន្ធប្រាប់ថា ខ្ញុំប្រើវាឱ្យទៅចាំស្រូវជាមួយចាស់ទុំជាច្រើនលុះស្រូវទុំទើបវាត្រឡប់មកវិញ ។
    ចំណែកកុមារីទាំង ៣ នាក់នាំបងប្អូនយកគ្រាប់ពោតទៅកប់តាមភ្លឺត្រពាំង ពេលយប់នាំគ្នាឡើងទៅដេកលើខ្ទម ។ ឮសូរតែមាត់ដំរី ចចក ស្វានស្វាស្រែកទ្រហឹងអឹងកងពេញព្រៃស្មសាន នាងបងមានសេចក្ដីភិតភ័យ ញ័រខ្លួនដូចសត្វស្ទើរ គ្មានព្រលឹងនៅក្នុងខ្លួន លួងប្អូនៗកុំឱ្យយំខ្លាចសត្វសាហាវទាំងនោះវាមកខាំសម្លាប់ ។ គ្រានោះអារក្ខទេវតាដែលឋិតនៅក្នុងព្រៃស្មសានគិតថា "នាងម្ដាយហេតុអ្វីក៏យកកូនតូចៗមកប្រោសចោលក្នុងព្រៃដូច្នេះ បើអញមិនជួយកុមារទាំង៣ នេះផងមុខជាម្រឹគពាទ្យយង់ឃ្នងស៊ីពុំខាន គួរអញសង្គ្រោះកុមារទាំងនេះទម្រាំផុតពេលរាត្រីនេះ ហើយអញនឹងក្រាបទូលសម្ដេចឥន្ទ្រាធិរាជ " ។ គិតស្រេចអារក្ខទេវតាសម្ដែងឫទ្ធិស្រែកគំរាមពួកសត្វសាហាវឱ្យរត់ខ្ចាត់ខ្ចាយទៅ លុះព្រឹកឡើងក៏ចូលទៅកាន់សំណាក់ទេវរាជឈ្មោះវរុណ នៅទិសឦសាន  ដើម្បីឱ្យទេវរាជនេះ នាំដំណឹងទៅក្រាបទូលព្រះឥន្ទ្រាធិរាជ ។    
    វរុណទេវរាជរំពឹងឃើញថា "ការនេះមិនចាំបាច់ទៅក្រាបទូលព្រះឥន្ទ្រាធិរាជទេ ព្រោះកុមារីទាំង ៣ នេះត្រូវក្លាយខ្លួនទៅជាសត្វបក្សី " ហើយបង្គាប់ថា "ត្រូវអ្នកឯងជួយការពារកុមារីទាំង ៣ ឱ្យមធ្យ័តកុំឱ្យសត្វសាហាវបៀតបៀនបាន ទម្រាំវាក្លាយខ្លួនទៅជាសត្វ បើវាឃ្លានអាហារត្រូវនិមិត្តជាត្រីក្រឹមទន្សាយ ខ្យង ខ្ចៅ ដាក់ក្នុងត្រពាំងមួយឱ្យវាស៊ីទៅ " ។ អារក្ខទេវតាត្រឡប់មកវិញក៏ធ្វើតាមបង្គាប់វរុណទេវរាជ  ។  ឯកុមារីទាំង ៣ នាក់នោះនៅចាំស្រូវបាន ៣ យប់ ៣ ថ្ងៃ ក៏អស់អង្ករ ៣ ចានដែលម្ដាយទុកឱ្យស៊ី ប្អូនយំរកបាយស៊ី បងបានដើរទៅបេះស្លឹក ថ្នឹង ចូលទៅក្នុងថ្លុកក្ដិចត្រួយត្រកួន និង ដើមអំពៅដៀប យកមកចែកគ្នាស៊ី   ។
    ប្អូនបង្អស់ចេះតែស្រែកយំ  បងក៏នាំគ្នាចុះទៅចាប់ត្រីក្រឹមទន្សាយធំមួយបានមក ប្រុងដុតស៊ីតែភ្លើងដែលម្ដាយបង្កាត់ទុកឱ្យរលត់អស់ទៅ ក៏នាំបងប្អូនហែកស៊ីឆៅបន្តិចម្នាក់ ។ ប្អូនចេះតែយំកន្ទក់កន្ទេញចង់ទៅផ្ទះ បងថាមិនហ៊ានទេ ខ្លាចម៉ែវាយ តែប្អូនទាំងពីរស្រែកយំខ្លាំងពេកបងទ្រាំមិនបានក៏នាំគ្នាទៅផ្ទះ   ។
    ឯម្ដាយកាលបើឃើញកូនបណ្ដើរគ្នាមកដូច្នោះ ក៏មួរម៉ៅស្រែកជេរពីលើផ្ទះ មេកូនចង្រៃ ! អញថាយកវាទៅប្រោសចោល ឱ្យស្លាប់ព្រាត់ប្រាស់អស់ទៅឥឡូវ មិនស្លាប់បែរជានាំគ្នាត្រឡប់មកវិញ អញវាយសម្លាប់ឥឡូវហើយ កុំឱ្យអញឃើញមុខមាត់អញមិនឱ្យហងឡើងផ្ទះសម្បែងទេ " ។ នាងបងអង្វរថា "សូមអ្នកម្ដាយអាណិតកូនផងចុះ ព្រោះប្អូនចេះតែយំឃ្លានបាយអត់ ២-៣ ថ្ងៃហើយស៊ីតែស្លឹកឈើជំនួសបាយភ្លើងក៏រលត់អស់ បើម៉ែមិនឱ្យនៅកូនសូមតែអង្ករនិងភ្លើងត្រឡប់ទៅវិញ សូមម្ដាយកុំធ្វើបាបកូន កូនសូមទោស " ។  ឯកូនប្អូននិយាយប្រាប់ម្ដាយថា  "ម៉ែ ! បងចាប់បានសាយស៊ីអែត " ។ ម្ដាយឮកូនប្រាប់ថា "ចាប់បានទន្សាយស៊ីឆ្អែត' ក៏រឹតមួរម៉ៅខ្លាំងណាស់ទៅទៀត ជេរបញ្ចោរថា "មេកូនចង្រៃ! វាបានទន្សាយចែកគ្នាស៊ីម្ដេចមិនយកឱ្យអញស៊ីផង " ។ និយាយតែប៉ុណ្ណោះក៏ស្ទុះទៅវាយកូនទាំង ៣ នាក់ធាក់ច្រំបណ្ដេញឱ្យទៅព្រៃវិញ របស់អ្វីបន្តិចបន្តួចក៏មិនឱ្យសោះ ប៉ងឱ្យតែស្លាប់បាត់បង់ទៅ។ គួរឱ្យអាសូរកុមារីទាំង ៣ នាក់នេះពន់ពេកម្ដាយវាយបែកឈាមហូរសស្រាក់ ក៏នៅតែមិនបាត់វាចាថា "ម៉ែៗ !" ឥតដឹងថាម្ដាយប្រុងសម្លាប់ខ្លួនចោលសោះ ។ ឯកុមារីប្អូនចេះតែអួតប្រាប់ម្ដាយថា "បានសាយស៊ីអែតៗ " ។ ម្ដាយឮដូច្នោះរឹតតែវាយខ្លាំងថែមទៀត   ។  
    នាងបងប្រឹងទាញប្អូនទាំងពីរនាក់ទៅដោយគិតឃើញថា បើទ្រាំនៅមុខតែម្ដាយសម្លាប់មិនខាន ហើយនាំគ្នាទៅនៅក្នុងខ្ទមដដែល     ដោយគ្រាំគ្រានឹងម្ដាយវាយសំពង់ក៏សន្លប់បាត់ស្មារតីទាំង ៣ នាក់   ។  អារក្ខទេវតាកាលបើឃើញដូច្នោះ ក៏យកទឹកមកប្រោះព្រំកុមារីទាំង ៣ នាក់ឱ្យមានស្មារតីឡើងវិញ ។
    កុមារីទាំង ៣ នាក់លុះដឹងស្មារតីឡើងស្រែកទ្រហោយំទាំងអស់គ្នា ឯនាងបងក៏ចុះទៅចាប់ត្រីក្រឹមទន្សាយ និងរាវរកខ្យងខ្ចៅមកហែកចែកបងប្អូនស៊ីជំនួសបាយជានិច្ចរាល់ថ្ងៃ ត្រីនិងខ្យងខ្ចៅចេះតែមានមិនអស់ព្រោះទេវតានិម្មិតឱ្យកាលណាថ្ងៃក្ដៅល្អ ស្រង់មកហាលថ្ងៃឱ្យតែក្រៀមៗ វាយបំបែក ហែកចែកគ្នាស៊ីទៅ ។ នាងបងនិយាយកៀកកប្អូនលួងលោមថា “'អូនអើយ ! យើងទាំង ៣ នាក់នេះពុំបានជួបមុខម៉ែទៀតទេ ព្រោះគាត់មានប្ដីថ្មីទៀត បានជាគាត់ស្អប់យើងហើយរករឿងសម្លាប់យើងចោល យើងកុំសង្ឃឹមថាមានជីវិតរស់នៅតទៅមុខទៀត ណាមួយសំពត់អាវមានតែមួយម្នាក់សម្រាប់ស្លៀកដណ្ដប់ ឥឡូវនេះដាច់អស់ទៅហើយ តទៅមុខយើងនឹងរងាឱបក្បាលជង្គង់ហើយ នឹងអាក្រាតកាយនៅតែខ្លួនទទេដូចសត្វតិរច្ឆាន" ។ អំពីពោតដែលនាងបានដាំជុំវិញភ្លឺ ត្រពាំងនោះបាន ៣ ខែមានផ្លែចាស់ខ្ចី សត្វ ជ្រូក ក្ដាន់ ស្វា កំប្រុក ពុំហ៊ានស៊ីឡើយ ព្រោះអារក្ខទេវតាតែងថែរក្សា នាងបងតែងទៅបេះយកមកបរិភោគជាមួយ នឹងត្រីក្រឹមទន្សាយហើយនឹងខ្យងខ្ចៅ ។ លុះបាន ៦ ខែ កុមារីទាំង ៣ នាក់ស្រាប់តែដុះរោមចេញពេញខ្លួន ដៃសងខាងដុះចេញទៅជាស្លាបទទះហើរទៅដល់ចុងឈើ ចាប់ប្រតោងបេះផ្លែឈើបានទាំងអស់គ្នា តែហើរទៅឆ្ងាយពុំរួច   បបូរមាត់ដុះចេញទៅជាចំពុះ រឹងមាត់និយាយភាសាមនុស្សពុំកើតគ្រាន់តែដឹងខ្លួនថា ខ្លួននៅជាមនុស្សតែនិយាយទៅជាសំឡេងសត្វតិរច្ឆាន យូរៗទៅកាន់តែហើរបានឆ្ងាយបន្តិចម្ដងៗ ព្រោះតាំងពីបបូរមាត់ដុះចេញទៅជាចំពុះ មិនដែលនិយាយភាសាមនុស្សសោះ តែបើមនុស្សនិយាយទៅរកនៅស្ដាប់បាន។
    ឯប្ដីចុងរបស់នាងជាម្ដាយនៃកុមារីទាំងនោះ តែងប្រព្រឹត្តអំពើចោរកម្មជានិច្ច ។ ថ្ងៃមួយមានអ្នកជិតខាងគេប្ដឹងដល់អ្នករាជការ ៗ ក៏ចាប់យកទៅដាក់គុកមួយជីវិតទៅ  ។ 
    ពេលនោះ នាងជាម្ដាយដេកព្រួយចិត្ត នឹកអាណិតដល់កូនកម្សត់ទាំង ៣ នាក់ដែលខ្លួនបានធ្វើទុក្ខបុកម្នេញ ហើយដើរទៅក្នុងព្រៃឃើញកូននៅរញង់ក្នុងខ្ទមស្គាល់ច្បាស់លាស់ជាកូន ព្រោះមានទម្រង់ជាមនុស្សនៅឡើយ តែដុះស្លាបមានចំពុះដូចសត្វតិរច្ឆាន  ក៏ស្រែកហៅថា "កូនអើយ ! ឥឡូវម្ដាយមកទទួលកូនទៅវិញ ម្ដាយលែងឱ្យកូននៅក្នុងព្រៃទៀតហើយ"  ។    
    កូនទាំង ៣ នាក់ឮមាត់ម្ដាយហៅ ស្គាល់ជាក់ ជាម្ដាយក៏គិតគ្នាថា "ម៉ែយើងមករកសម្លាប់ទៀតហើយ ត្រូវយើងកុំទុកចិត្តគាត់ យើងនាំគ្នាហើរទៅល្អជាង" គិតដូច្នោះក៏នាំគ្នាហើរត្រសងទៅទំលើឈើខ្ពស់ ១ ដើមស្រែកប្រាប់មកម្ដាយដោយបំណងនិយាយថា "យើងផុតនិស្ស័យជាកូនលោកហើយ យើងទៅជាសត្វតិរច្ឆានល្អជាង អ្នកកុំមកជិតយើង" ប៉ុន្តែសំដីដែលស្រែកប្រាប់ម្ដាយនោះ មិនច្បាស់លាស់ជាសំដីរបស់មនុស្សទេទៅ ជាស្រែកថា "កូនលោកៗ" ទៅវិញកាលបើម្ដាយចូលទៅជិតក៏នាំគ្នាហើរទៅទំលើដើមឈើដទៃទៀតស្រែកថា "កូនលោកៗ" ។ ម្ដាយចេះតែដើរស្រែកហៅកូន ទាល់តែអស់កម្លាំងដើរពុំរួច ណាមួយអស់អាហារបរិភោគផង ក៏ដួលស្លាប់ទៅ  ។
      នៅប្រទេសកម្ពុជា សត្វនេះវាតែងតែហើរមករើសខ្យងខ្ចៅស៊ីតាមវាលស្រែ ក្បែរជើងភ្នំ ឬព្រៃស្រោង កាលណាវាផ្អើលនឹងមនុស្ស ឬសត្វដូចគ្នាវាស្ទុះហើរ ស្រែកយំឮថា កូនលោក! កូនលោក! លុះរាត្រីស្ងាត់វាថ្ងូរមុខគួរឱ្យស្រណោះពន់ពេក ។

No comments:

Post a Comment