Kh Educational: សម្ដេចតេជោ ហ៊ុន សែន​អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី

សម្ដេចតេជោ ហ៊ុន សែន​អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី

សម្ដេចតេជោ ហ៊ុន សែន​
Image may contain: 1 person, smiling, suit
សម្ដេចតេជោ ហ៊ុន សែន​អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី
នៅរសៀលថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៦-១៨ ខែ មីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី (Sydney, Australia)។
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលីនេះ នឹងផ្តល់ឱកាសដ៏សំខាន់សម្រាប់មេដឹកនាំអាស៊ាន និងអូស្រា្តលីដើម្បីពិភាក្សាប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមកលើប្រធានបទសំខាន់ៗនានាដែលជាផលប្រយោជន៍រួម និងដើម្បីចែករំលែកការយល់ឃើញ និងទស្សនៈនានា ទៅលើទិសដៅនាពេលអនាគតនៃទំនាក់ទំនងអាស៊ាន-អូស្រា្តលី។
នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា រវាងអាស៊ាន និងអូស្រា្តលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិផងដែរ។ ក្នុងកំឡុងពេលស្នាក់នៅប្រទេសអូស្រ្តាលី សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូន និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងកំពុងសិក្សានៅប្រទេសអូស្ត្រាលី។
សូមជូនពរ បងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា៕
សម្ដេចតេជោ ហ៊ុន សែន​មានប្រសាសន៏នៅក្នុង FACEBOOK  PAGE របស់គាត់ថា៖ នៅពេលនេះ ខ្ញុំកំពុងចេញដំណើរទៅប្រទេសអូស្រ្តាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងស៊ីដនី ចាប់ពីថ្ងៃទី ១៦-១៨ មីនា ២០១៨ ។ ការធ្វើដំណើរលើកនេះអាចត្រូវប្រើពេលជិត១២ម៉ោង ដែលខ្ញុំត្រូវសម្រាកក្នុងយន្តហោះពេញ១យប់។
ខ្ញុំសប្បាយរីករាយក្នុងការទៅចូលរួមកិច្ចប្រជុំកំពូលពិសេស ដើម្បីកម្ពុជាកាន់តែមានឱកាសរិតចំណងមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អរឹងមាំជាមួយរដ្ឋាភិបាលអូស្រ្តាលី និងជាមួយបណ្តាមេដឹកនាំមកពីប្រទេសនានាមួយចំនួនទៀត។ ទន្ទឹមនឹងនេះ ខ្ញុំសង្ឃឹមថានឹងបានជួបបងប្អូនខ្មែរដែលបានទៅរស់នៅប្រទេសអូស្ត្រាលីជាច្រើនឆ្នាំមកហើយ ព្រមទាំងក្មួយៗសិស្ស និស្សិតដែលបាន និងកំពុងសិក្សានៅអូស្រា្តលីតែម្តង។ ខ្ញុំសូមអរគុណបងប្អូនដែលបានរៀបចំទទួលរូបខ្ញុំនិងគណប្រតិភូដែលនឹងទៅដល់ស្អែកនេះ។
សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

No comments:

Post a Comment