Kh Educational: ពិធី បិទអង្គប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០១៨

ពិធី បិទអង្គប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០១៨


ពិធី បិទអង្គប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០១៨

ភ្នំពេញ៖ តាមរយៈ Page Facebook Office របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ (https://www.facebook.com/grkpp/) បានផ្សព្វផ្សាយថា៖ នារសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធី បិទអង្គប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង គ្រប់បណ្តាកងឯកភាព ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-ស្ថាប័ន ជុំវិញរាជធានី អភិបាលខណ្ឌទាំង១២ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គប្រជុំបូកសរុបទាំងមូលយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនេះផងដែរ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមធ្យោបាយប្រើប្រាស់ក្នុងការប្រតិបត្តិការងារ របស់ខ្លួនយ៉ាងសម្បូរបែប មានទាំងរថយន្តតូចធំ ម៉ូតូហុងដាធុន 750cc និងសម្ភារៈបំពាក់ជាប់ខ្លួនកងកម្លាំង គ្រប់គ្រាន់ ព្រមទាំងបានធ្វើការសម្តែង នូវបច្ចេកទេសប្រតិបត្តិការ ជូនគណៈអធិបតីនិងភ្ញៀវកិត្តិយសទស្សនា យ៉ាងជក់ចិត្ត។

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានលើកឡើងដោយសង្ខេប ពីលទ្ធផលស្នាដៃ និង បទពិសោធន៍ការងារ ដែលអង្គភាពកងរាជអាវុធហត្ថ រាជធានីភ្នំពេញ អនុវត្តសម្រេចបាន ក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី០៦ ខែ១២ ឆ្នាំ២០១៦ ដល់ថ្ងៃទី០៥ ខែ១២ ឆ្នាំ២០១៧ បទល្មើសកើតឡើងក្នុងរាជធានីភ្នំពេញ ដែលអាវុធហត្ថស្រាវជ្រាវនិងកត់ត្រាបាន សរុបមានចំនួន៧៩៦លើក ក្នុងនោះអាវុធហត្ថរាជធានី ភ្នំពេញម្ចាស់ការបង្ក្រាបសរុបបានចំនួន ៦០១លើក ឃាត់ខ្លួនជនសង្ស័យបានចំនួន ១,២៤៧នាក់ (បញ្ជូនទៅតុលាការចំនួន ១,០២៤នាក់, ប្រគល់ឲ្យអង្គភាពពាក់ព័ន្ធចំនួន៥៩នាក់ និង បានអប់រំឲ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញចំនួន ១៦៤នាក់)។ ចាប់យកវត្ថុតាង រួមមាន៖ អាវុធខ្លីចំនួន ១៧ដើម, រថយន្ត ចំនួន២២គ្រឿង, ម៉ូតូចំនួន ២៣២គ្រឿង និងថ្នាំញៀនប្រភេទ មេតំហ្វេតាមីនទឹកកក សរុបចំនួន ២,៥២៩កញ្ចប់ (ស្មើនឹង ៣ គីឡូក្រាម ៤១៦.៣៩ ក្រាម) ព្រមទាំងថ្នាំញៀនប្រភេទចម្រុះមួយចំនួនទៀត។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល ក៏ដូចជាស្នាដៃទាំងឡាយ ដែល កងរាជអាវុធហត្ថរាជធានីភ្នំពេញសម្រេចបាននាពេលកន្លងមក និងសូមកោតសរសើរស្មារតីម្ចាស់ការខ្ពស់ របស់លោកឧត្តម សេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលបានដឹកនាំអង្គភាពឲ្យទទួលបានលទ្ធផលជាផ្លែផ្កា។



នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានសម្តែងការគាំទ្រនិងឯកភាព ទៅលើរបាយការណ៍បូកសរុប ការវាយតម្លៃ របស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជុំវិញសភាពការណ៍ទូទៅ ក្នុងការប្រតិបត្តិតួនាទីភារកិច្ច ក៏ដូចជាការកសាង របស់ អាវុធហត្ថរាជធានីភ្នំពេញ ដែលបង្កើតបានជាស្នាដៃ ជាសមិទ្ធិផលក្នុងឆ្នាំ២០១៧ កន្លងមក និងគាំទ្រឯកភាពខ្ពស់ ចំពោះប្រសាសន៍សំណេះសំណាលក្រើនរំលឹកដាស់តឿនចង្អុលបង្ហាញបន្ថែមទៀត របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណអភិបាលរាជធានីភ្នំពេញ និង សូមអបអរសាទរស្នាដៃនិងសមិទ្ធិផលក្នុងឆ្នាំ២០១៧ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាមួយនិងការថ្លែងនូវការកោតសរសើរដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង អំណត់ព្យាយាម ក្លាហាន ប្តូរផ្តាច់ ក្នុងការអនុវត្តភារកិច្ច ដែលធ្វើឲ្យអាវុធហត្ថរាជធានីភ្នំពេញ ក្លាយជាកម្លាំងរួមមួយ មានលទ្ធភាពសម្រេចបាន នូវស្នាដៃ និងភារកិច្ច ដូចបានលើកឡើងខាងលើ ជាពិសេសសូមថ្លែងនូវ ការកោតសរសើរ ចំពោះស្មារតីឯករាជ្យ ម្ចាស់ការ របស់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលស្មារតីម្ចាស់ការ, ស្មារតីសន្សំសំចៃ, ស្មារតីសាមគ្គីឯកភាព គឺជាស្មារតីមិនធ្វើខ្ញុំគេ ដូច្នេះអ្វីដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំធ្វើដោយមិនរងចាំថ្នាក់លើ ដោយមិនរងចាំតែពីការសុំជំនួយ គឺពិតជាទទួលបានលទ្ធផលល្អ។



ជាកិច្ចបញ្ចប់ នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការបំពាក់គ្រឿងឥស្សរិយយស ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានស្នើសុំផ្តល់ជូនដល់នាយអាវុធហត្ថ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣៣រូប ដែលមានស្នាដៃល្អ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈកាលកន្លងមក និងប្រកាសបិទកម្មវិធី បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ លើកទិសដៅការងារបន្តឆ្នាំ២០១៨ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកបដោយជោគជ័យ។

មានវីឌីអូខាងក្រោម សូមចុចចូលលីងនេះ⥤ https://youtu.be/jWxbhztXmIY

No comments:

Post a Comment