Kh Educational: ប្រជុំរឿងព្រេងខ្មែរភាគ ៤ រឿង កូន​៤ មិន​បម្រើ​ឪពុក

ប្រជុំរឿងព្រេងខ្មែរភាគ ៤ រឿង កូន​៤ មិន​បម្រើ​ឪពុក

  ប្រជុំរឿងព្រេងខ្មែរភាគ ៤ 

រឿង កូន​៤ មិន​បម្រើ​ឪពុក


    ក្នុងកាលកន្លងទៅហើយ មានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ គាត់មានកូនប្រុស ៤ នាក់មានអាយុគ្រប់ការទាំងអស់ ។
    ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ នៅជាមួយនឹងកូនប្រុសៗអស់ ១ ឆ្នាំមានការលំបាកដោយខ្វះស្រីមេផ្ទះ ជាអ្នកចម្អិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឱ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយ ចែកទ្រព្យអស់មួយចំណែក ឱ្យដាច់ស្រឡះទៅកូនច្បងរួចទៅ ។

    លុះរំលងមួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ធឱ្យកូនទី ២ ចែកទ្រព្យ ១ ចំណែកឱ្យកូនដូចគ្នា    ។
    តមក គាត់រៀបការកូនទី ៣ ចែកទ្រព្យ ១ចំណែកឱ្យទៀត ។ ដល់ឆ្នាំជាគម្រប់ ៤ ក៏រៀបការឱ្យកូនទី ៤ ចែកទ្រព្យ ១ ចំណែកទៀតដែរ ។ នៅសល់តែផ្ទះ ១ ខ្នងពុំបានចែក គាត់ទុកនៅទាំងអស់គ្នា ។ ដែលគាត់ចែកទ្រព្យរបស់ឱ្យអស់រលីងពីខ្លួនដូច្នេះ មកពីគិតថា "ឱ្យស្រឡះខ្លួនគាត់ ហើយនៅទំនេរស្ងៀម ចាំឱ្យកូនរកស៊ីចិញ្ចឹមវិញ រហូតដល់ស្លាប់" ប៉ុន្តែគំនិតគាត់គិតនេះខុសស្រឡះ ។ កាលដែលគាត់នៅជាមួយកូនប្រុស ៤ នាក់ កូនទាំងនោះស្រឡាញ់បងប្អូនណាស់ ពុំដែលបែកចិត្តគំនិតពីឪពុក និងបងប្អូនឡើយ ។
    លុះបានប្រពន្ធមករៀងខ្លួនហើយ ក៏បែកចិត្តគំនិតផ្សេងៗ  ពីគ្នានៅរួមជាមួយគ្នាពុំសូវសុខចេះតែស្កៀបរមាស់ បន្តិចទាស់នេះ បន្តិចទាស់នោះ ក៏នាំគ្នាចុះចេញពីផ្ទះកំណើត ទៅរកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយឱ្យនៅឯកោអនាថា  ។
    កាលកូនទាំង ៤ នាក់ទើបនឹងចុះចេញ ពីផ្ទះឪពុកទៅថ្មីៗ នៅហុចបាយ ហុចចំណីតាឪពុកបន្តិចបន្តួចរាល់ៗ ថ្ងៃលុះមានកូនខ្ចីគ្រប់គ្នា ជួនប្ដីរវល់ដើរទៅជួញស្រុកឆ្ងាយ ភរិយានៅផ្ទះអាងតែប្ដីមិននៅ និងអាងមានកូនខ្ចីផង ក៏បង្អង់ជូនបាយទឹកឪពុកក្មេក ដោយមេខ្លះគិតថាប្រហែលប្អូនគេឱ្យហើយ មេខ្លះគិតថាបងឯណោះគេឱ្យហើយ កូនប្រសានាំគ្នាគិតដូច្នោះតែរៀងខ្លួន យូរៗថ្ងៃទៅ តានោះអត់បាយ ១ ពេលក៏មាន ២ ពេលក៏មាន ។
    វេលាប្ដីមកពីរកស៊ី វិញដឹងរឿងនេះ បានស្ដីបន្ទោសប្រពន្ធ នាងភរិយាខ្លះដោះសារថា កូនឈឺ ខ្លះថា  ខ្លួនពុំនៅរវល់ទៅជួយញាតិជិតខាង ស្រេចតែមេប្រពន្ធ វាដឹកមុខឯណា ប្ដីតាមវាទាំងអស់   ។
    ចំណែកតាពោះម៉ាយ អត់បាយ គ្មានសំពត់អាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគ រងទុក្ខវេទនាពន់ពេកនឹងលក់ផ្ទះៗ ចាស់គ្រាំគ្រា ពុំបានថ្លៃប៉ុន្មានផង  ហើយគ្មានជ្រកនៅផង   ។
    កាលនោះ មានបុរសម្នាក់ នៅកំលោះមានចិត្តសប្បុរស ហើយជាអ្នករៀនសូត្រ ចេះដឹងច្បាប់ទម្លាប់ ស្គាល់គុណទោសច្រើន ផ្ទះនៅភូមិជិតគ្នាដើរមកឃើញតានោះ វេទនាដូច្នោះមានចិត្ត អាណិតក្រៃពេកក៏សាកសួរថា "លោកតា ! ខ្ញុំធ្លាប់ឃើញលោកតាពីដើម ជាអ្នកមានគ្រាន់បើឪពុកម្ដាយខ្ញុំក៏ធ្លាប់ទីពឹងលោកតាខ្លះដែរ ម៉េចឥឡូវនេះលោកតាវេទនាខ្លាំងម្ល៉េះ ក្រែងលោកតាមានកូនប្រុសៗ ដល់ទៅ ៤ នាក់ដែរឬ? ម្ដេចក៏កូននោះ វាមើលបំណាំ មិនថែទាំលោកតាសោះ ? ក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរឬ ម្ដេចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគគេប្រើប្រាស់ ?  ។ 
    តាចាស់ប្រាប់ទៅវិញថា "ឱ ហ្ន៎ ! លោកចៅអើយ ! លាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើពិតមែន ប៉ុន្តែតាអាណិតស្រឡាញ់កូនពេក ក៏ចែកឱ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅ គិតថាឱ្យវាចិញ្ចឹមតាវិញ ឥឡូវពួកវាមានប្រពន្ធហើយ ថែមទាំងមានកូនទៀត វាឃើញឯងអស់ទ្រព្យរលីងពីខ្លួន វាឥតនឹកនារកតាសោះ វាតាមតែប្រពន្ធ ទាញទៅចូលរន្ធក្ដាម ក៏វាចូលដែរ ខ្លួនតាសព្វថ្ងៃឈឺផង នៅតែម្នាក់ឯងម៉ង់ៗវេទនាជាទីបំផុតដេកសម្រក់តែទឹកភ្នែក ជោកខ្នើយអស់ហើយ បាយព្រឹកជាបាយល្ងាចជួនកាល អត់មួយពេលក៏មាន នឹងធ្វើការរកស៊ីអ្វីក៏មិនកើត ពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយ ដូចលោកចៅឃើញស្រាប់ តាដេកចាំតែដល់ថ្ងៃស្លាប់ទេ" ។
    ចៅកំលោះលាន់មាត់ថា : "យីអើ ! កូនតាមានចិត្តអាក្រក់ដល់ម្ល៉ឹងហ្ន៎ ! បើអីចឹងលោកតាកុំភ័យ ខ្ញុំមានឧបាយមួយ ធ្វើឱ្យលោកតាបានសុខកាយ សប្បាយចិត្តដូចពីដើមវិញ លោកតាធ្វើតាមខ្ញុំ លោកតារកពាងមានមាត់តូចល្មមមួយ ជុះអាចម៍នឹងនោមឱ្យពេញ ហើយរកកំណាត់សំពត់ រុំបិទមាត់ឱ្យជិត ជីកកប់ក្នុងដីជិតជើងសសរទ្រូងផ្ទះ ហើយបើមានអ្នកណាដើរមក ត្រូវលោកតានិយាយប្រាប់គេថា "ខ្ញុំនៅសល់កំណប់ប្រាក់មាស ១ ពាងកប់ទុក ពុំទាន់ចែកឱ្យកូនណានៅឡើយ ចាំមើលកូនណាចិត្តបាន ដឹងគុណបើខ្ញុំទៀបស្លាប់ នឹងប្រគល់ឱ្យទៅកូននោះ លោកតានិយាយប្រាប់មនុស្សដែលជួបកុំខានក្នុងរវាងប៉ុន្មានថ្ងៃ ខែខាងមុខនេះ កុំឱ្យលោកតាដើរសុំទានគេទៀត ចាំខ្ញុំយកបាយទឹកមកជូនពិសាកុំព្រួយ" ។
    តាចាស់ ក៏តាំងធ្វើតាមចៅចិត្តសប្បុរសទាំងអស់ ។ លុះបានប្រហែល ៥ ថ្ងៃ សំដីតានោះបានដឹងដល់កូនប្រុសនិងកូនប្រសាទាំង ៨ នាក់វាមានចិត្តលោភចង់បានកំណប់រៀងខ្លួន ក៏នាំគ្នាយកបាយទឹកម្ហូបចំណីផ្លែឈើទុំខ្ចីគ្រប់មុខ នឹងខោអាវក្រមាមកផ្គាប់ផ្គុនជូនតាឪពុករៀងរាល់ថ្ងៃ ពុំមានខ្វះថ្ងៃណាមួយឡើយ តាចាស់បានសះជារោគ មានសាច់ឈាមស្រស់បស់ មានកម្លាំងពលំសុខកាយសប្បាយចិត្តតាំងពីថ្ងៃនោះមករហូតមកដល់អស់អាយុ ។ លុះតាស្លាប់ហើយ កូនក៏នាំគ្នាធ្វើបុណ្យអធិកអធមតាមទំនៀមរួចស្រេច  ។
    កូនទាំង ៤ នាក់និងកូនប្រសាគិតនាំគ្នាគាស់ពាងកំណប់ចែកគ្នា ប៉ុន្តែក្រែងចែកមិនស្មើភាគ នាំឈ្លោះប្រកែកគ្នា ក៏ទៅរកគ្រូហ្មម្នាក់ឱ្យមកជួយចែក លោកគ្រូនោះទទួលព្រម ប៉ុន្តែគាត់ឮថា កំណប់មាសប្រាក់ច្រើនដល់ទៅ ១ ពាងគាត់ចង់បាន ១ ចំណែកដែរ ហើយគាត់គិតក្នុងចិត្តថា  "គាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផង" គាត់ក៏ដើររូតរះមកដល់ផ្ទះកំណប់ភ្លាម តាំងយកភួយមួយមករុំជួតក្បាលធំទើងមើង ធ្វើឱ្យខូងកណ្ដាលដូចគេទូលជើងឆ្នាំងផ្ងារ ក៏តាំងអង្គុយពែនភ្នែន លើផ្ទៃដីរាបរលីង ធ្មេចភ្នែកសង្រួមស្មឹងស្មាធិ៍ ឈមមុខត្រងទៅទិសខាងកើត ហើយគាត់ប្រាប់កូនទាំង ៤ នាក់ឱ្យទៅគាស់យកពាងកំណប់មក ប៉ុន្តែគាត់ហាមថា កុំអាលមាត់ស្រាយមាត់ពាង ក្រែងខុសត្រណមចាំគាត់បង្គាប់សិន លុះយកពាងមកដល់ហើយគាត់ឱ្យកូនទាំង ៤ នាក់ឈរគ្រប់ទិសទាំង ៤ ធ្មេចភ្នែកយកដៃទាំងអស់គ្នាចាប់លើកពាង ទ្រស្ទួយបិទទទួលលើក្បាល ហើយសឹមស្រាយចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាង ស្រោចកំណប់មកលើក្បាលគាត់ បើកំណប់ជ្រុះធ្លាក់ទៅទិសណាប៉ុន្មានៗ ត្រូវបានទៅអ្នកឈរកំណាន់ទិសនោះៗ កំណប់ណានៅសល់ទើរលើឈ្នួតក្បាលគាត់ត្រូវបាន ជារង្វាន់លោកគ្រូទាំងអស់ ។
    កូនទាំង ៤ នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូ មិនហ៊ានឱ្យល្អៀង ភរិយាទាំង ៤ នាក់ឈរកាន់កញ្ជើរៀងខ្លួនចាំកើប ។
    ក្នុងពេលដែលចែកកំណប់នោះ មានអ្នកស្រុកជិតខាងទៅចាំមើលដែរ។
និមិត្តតែគេលើកពាងបិទទូលរួច ស្រាយមាត់ពាងផ្អៀងចាក់ឈូរមក ទឹកម៉ាំត្រាំលាមកច្រើនខួបហូរឆរ ស្រោចលើក្បាលលោកគ្រូពេញកំពុង ហើយខ្ចាត់បាចសាចចេញទៅគ្រប់ទិស ប្រឡាក់ប្រឡូសពាសពេញមុខមាត់និងសំពត់អាវ រហូតដល់នាងប្រពន្ធទាំង ៤នាក់ទៀតលោកគ្រូបានចំណែកច្រើនជាងគេ ធុំក្លិនខ្មោះថាមិនត្រូវ គេឃើញលោកគ្រូស្រមូវៗ បាត់មុខមាត់រូបរាងអស់ ខំក្រោកឡើងសោះកក្រោះខ្មាសអស់ពួកបរិស័ទដែលឈរចាំមើល ពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងៗ ខ្លួនទើបលោកគ្រូស្រែកជេរកែសំនួនទៅកូនទាំង ៤ នាក់និងកូនប្រសាថា "ខ្មោចមេដែង អាដែងទាំងអស់គ្នា អាមេអស់នេះ បានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅ បានជាកំណប់មាសប្រាក់អន្តាយ ក្លាយទៅជាអាចម៍នោមប្រឡាក់ខ្លួនអញអស់ដូច្នេះ យី ! ខ្មោចអាផែះ មេកំផែះអស់នេះខូចមែន" ។
    លោកគ្រូនិងកូនសិស្សនាំគ្នារត់រហ័ស លោតទម្លាក់ខ្លួនទៅក្នុងទន្លេប្រូងខំត្រាំទឹកលាងបាបអស់ ១ ម៉ោងម្នាក់ៗ រួចនាំគ្នាឡើងទៅលើផ្ទះរៀងៗ ខ្លួនបានសេចក្ដីក្ដៅក្រហាយស្ដាយក្រោយខ្មាសគេតកូនតចៅ ។

No comments:

Post a Comment